មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ គណបក្សប្រឆាំងកំពុងរៀបចំភ័ស្តុតាងនិងឯកសារពាក់ព័ន្ធដើម្បីដាក់ទៅក្នុងបណ្តឹងប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងការបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើបាតុករ ក្នុងការតវ៉ាទាមទារដំឡើងប្រាក់ខែ។
ទន្ទឹមនេះអ្នកជំនាញច្បាប់ក៏បានអះអាងថា ខ្លួនកំពុងរង់ចាំជួយអន្តរាគមន៍ដាក់បណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់ប្រហារទៅលើប្រជាជនដែលគ្រាន់តែទាមទារការដំឡើងប្រាក់ខែហើយថា ការប្រព្រឹត្តរបស់កម្លាំងប្រដាប់អាវុធក្នុងការបាញ់បាតុករគឺ គ្រប់គ្រាន់ក្នុងការដាក់បណ្តឹងទៅកាន់ តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ថ្លែងទៅកាន់អ្នកកាសែត កាលពីម្សិលមិញ នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក្នុងខណ្ឌ មានជ័យ បន្ទាប់ពីពិធីឧទ្ទិសកុសលជូនអ្នកដែលត្រូវបាញ់ស្លាប់កាលពីសប្តាហ៍មុន អនុប្រធានគណបក្សនេះ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនិងគ្រួសាររងគ្រោះកំពុងប្រមូលភ័ស្តុតាងនិងឯកសារពាក់ព័ន្ធដើម្បីរៀបចំបណ្តឹងដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិប្តឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ពីបទបញ្ជាឲ្យកម្លាំងប្រដាប់អាវុធរដ្ឋាភិបាល ធ្វើការបាញ់ទៅលើប្រជាជន ក្នុងអំឡុងការធ្វើបាតុកម្ម។
លោក កឹម សុខា ថ្លែងបន្តថា៖ «យើងកំពុងរៀបចំនីតិវិធី ហើយយើងមានមេធាវីអន្តរជាតិគ្រប់គ្រាន់ដើម្បីធ្វើការងារនេះ»។ ប៉ុន្តែលោកមិនបានប្រាប់ពីកាលបរិច្ឆេទជាក់លាក់ទេគឺ គ្រាន់តែថ្លែងថា បណ្តឹងនេះនឹងដាក់នៅពេលឆាប់ៗនេះ។
លោក កឹម សុខា បន្ថែមថា គណបក្សប្រជាជនកម្ពុជាគ្មានជម្រើសក្នុងការចរចាជាមួយគណបក្ស សង្គ្រោះជាតិ ដើម្បីដោះស្រាយបញ្ហានយោបាយក្រៅពីការប្រើហិង្សានិងការបង្ក្រាបបាតុករដូចពួកកុម្មុយនីស្តឡើយហើយថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលតែងតែប្រព្រឹត្តអំពើអាក្រក់ទៅលើប្រជាជនដែលសហគមន៍អន្តរជាតិបានដឹងយ៉ាងច្បាស់។
លោក កឹម សុខា ថ្លែងថា៖ «សកម្មភាពនេះ គឺគ្រប់គ្រាន់សម្រាប់សហគមន៍ជាតិ‑អន្តរជាតិ មើលពីកំហុសរបស់រដ្ឋាភិបាលក្នុងការធ្វើសកម្មភាពនេះ ហើយខ្ញុំជឿថា វាមិនយូរទេសហគមន៍ជាតិ អន្តរជាតិនឹងដាក់សម្ពាធទៅលើរដ្ឋាភិបាលដើម្បីផ្តល់សេរីភាព មកឲ្យប្រជាជនវិញ»។
លោក ហ៊ាង ឫទ្ធី ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា និងលោក នី ចរិយា ប្រធានផ្នែកសិទិ្ធមនុស្សនិងជំនួយផ្លូវច្បាប់នៃអង្គការ អាដហុក បានថ្លែងដូចគ្នាទាក់ទងនឹងការបាញ់ប្រហារមនុស្ស ៧ នាក់ស្លាប់ ចាប់តាំងពីបាតុកម្មបានកើតឡើងក្នុងពីឆ្នាំមុន និងសប្តាហ៍កន្លងទៅដោយសង្កត់ធ្ងន់ថា សកម្មភាពរបស់កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលក្នុងការបាញ់ ប្រហារប្រជាជន គឺជាភ័ស្តុតាងគ្រប់គ្រាន់ពេញលេញដើម្បីដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ព្រោះការប្រព្រឹត្តទាំងនោះ គឺរៀបចំជាប្រព័ន្ធ មិនមែនជាការប៉ះទង្គិចដោយចៃដន្យទេ។
លោក ហ៊ាង ឫទ្ធី បានថ្លែងបន្ដថា៖ «ហេតុអ្វីយើងមិនអាចដាក់ពាក្យប្តឹង? បើមានភ័ស្តុតាងគ្រប់គ្រាន់ ទោះជារដ្ឋាភិបាលលោក ហ៊ុន សែន បដិសេធយ៉ាងណា ក៏វាមិនអាចទៅរួចដែរ ព្រោះ [សកម្មភាពនេះ] ត្រូវបានថតដោយកាមេរ៉ាវីដេអូ ឃើញមានសាកសព និងអ្នករងរបួស។ នេះមិនមែនហៅថា ការប៉ះទង្គិចទេ។ ទាំងនេះហៅថា ប្រើអំពើហិង្សាដោយអាវុធឬហៅថា ការសម្លាប់រង្គាល»។
លោក ហ៊ាង ឫទ្ធី បានបន្ថែមថា ផ្អែកលើមាត្រា ៧ និង ៩ នៃធាតុផ្សំរបស់ច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅតុលាការព្រហ្មទណ្ឌអន្តរជាតិពាក្យបណ្តឹងមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បណ្តឹងទៅតុលាការយុតិ្តធម៌អន្តរជាតិ។
លោក នី ចរិយា ប្រធានផ្នែកសិទិ្ធមនុស្ស និងជំនួយផ្លូវច្បាប់របស់ អាដហុក បន្ថែមថា៖ «អ្វីដែលបានកើតឡើងនៅផ្លូវ វ៉េងស្រេង ជាការរៀបចំដោយរដ្ឋ។ វាជាការរៀបចំបាញ់ប្រហារមកលើប្រជាជន ដោយមិនផ្តោតលើអ្នកណាម្នាក់ទេ មានន័យថាឲ្យតែកម្មករបាញ់ទាំងអស់។ វាមានន័យថា វាជាការរៀបចំជាលក្ខណៈប្រព័ន្ធរបស់រដ្ឋ។ វាមិនមែនជាការប៉ះទង្គិចគ្នារវាងកម្មករនិងសមត្ថកិច្ចនគរបាលទេ។ វាជាការរៀបចំឡើងយ៉ាងពិតប្រាកដ»។
លោក នី ចរិយា បន្ថែមថា ប្រសិនបើប៉ះទង្គិចដោយចៃដន្យមានន័យថា ពេលបាតុកម្មដើរក្បួនការប៉ះទង្គិចកើតឡើង គឺបញ្ហាកើតឡើងនៅពេលនោះ ប៉ុន្តែ នៅផ្លូវ វ៉េងស្រេង នេះ កម្មករប្រមូលផ្តុំគ្នាតវ៉ាមួយកន្លែង ហើយកងកម្លាំងប្រដាប់អាវុធបានចុះមកបង្រ្កាប»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងថា សកម្មភាពនេះ មិនអាចបង្កគ្រោះថ្នាក់អ្វីមកលើរដ្ឋាភិបាលទេ។
លោកអះអាងថា៖ «លោក សម រង្ស៊ី លោក កឹម សុខា និងបក្ខពួកមួយចំនួនតែងតែគិតចង់ឲ្យតុលាការយុតិ្តធម៌ ឧក្រិដ្ឋកម្មអន្តរជាតិ [ចោទប្រកាន់សមាជិករដ្ឋាភិបាល]។ ជាច្រើនលើក តុលាការឧក្រិដ្ឋកម្មអន្តរជាតិមិនពិចារណាសំណើពួកគេទេ»។ លោកថ្លែងដែរថា៖ «សម្តេចនាយករដ្ឋមន្រ្តីលោកជាអ្នកគោរពច្បាប់ រកសន្តិភាពជូនកម្មកររោងចក្រ នាំមកនូវច្បាប់និងសណ្តាប់ធ្នាប់។ ប្រទេសជាច្រើនក៏ធ្វើដូចគ្នា ព្រោះប្រជាជនភាគច្រើនត្រូវការសន្តិភាពពុំមែនអំពើហិង្សាដោយហ្វូងមនុស្សទេ»៕ PS/TK