ដោយ៖ តាំង វីដា
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com
លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទសារព័ត៌មាន (រូបថត តាំង វីដា)
គណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងរៀបចំក្រុមមេធាវីអន្តរជាតិ ដើម្បីធ្វើការស៊ើបអង្កេត និងវាយតម្លៃ ទៅបទឧក្រិដ្ឋនៃការបង្ក្រាបរបស់កម្លាំងប្រដាប់អាវុធ ទៅលើក្រុមកម្មករនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីពេលថ្មីៗនេះ ដែលបណ្តាលឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់នោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅស្នាក់ការកណ្តាលគណបក្ស នៅព្រឹកថ្ងៃអង្គារនេះថា គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភជាខ្លាំង ចំពោះការកើនឡើងនូវហិង្សាក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលប៉ុន្មានថ្ងៃមុខនេះ ដែលធ្វើឲ្យកម្មករស្លាប់ និងរងរបួសជាច្រើននាក់។ លោក កឹម សុខា បន្តថា បើទោះជារដ្ឋាភិបាលប្រកាសថាខ្លួននឹងបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេតលើហេតុការណ៍នេះក៏ដោយ ប៉ុន្តែបញ្ហានិទណ្ឌភាព លោកជឿថា នៅតែកើតមាន ព្រោះការស៊ើបអង្កេតរបស់រដ្ឋាភិបាល មិនបង្ហាញពីភាពឯករាជ្យឡើយ ដែលករណីនេះ លោកថា គណបក្សសង្គ្រោះជាតិ នឹងរៀបចំក្រុមមេធាវីអន្តរជាតិមួយ ក្រោមការដឹកនាំរបស់លោក រីឆាច រីចឆឺ មេធាវីអន្តរជាតិ ដើម្បីធ្វើការវាយតម្លៃលើបទឧក្រិដ្ឋនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បន្តថា បើការស៊ើបអង្កេតមានទឡ្ហីករ និងភស្តុតាងគ្រប់គ្រាន់នោះ គណបក្សនឹងដាក់ពាក្យបណ្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅ ទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ និងចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ តែទោះជាយ៉ាងណា លោកថា បើការស្វែងរកភស្តុតាងមិនទាន់ចូលក្នុងដែនយុត្តិការរបស់តុលាការអន្តរជាតិ ក៏អាចឲ្យអ្នកប្រព្រឹត្តិបទឧក្រិដ្ឋមានការប្រុងប្រយ័ត្នកុំឲ្យប្រព្រឹត្តិបទល្មើសបន្តទៀត ហើយបញ្ឈប់នូវរាល់និទណ្ឌភាពនៅកម្ពុជា។
កាលពីថ្ងៃទី០៣ខែមករា មានការប៉ះទង្គិចដោយហិង្សាមួយរវាងក្រុមកម្មករដែលមកពីរោងចក្រនានាក្នុងរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ខណៈដែលកម្មករតវ៉ាទាមទារដំឡើងប្រាក់ឈ្នួលគោល១៦០ដុល្លារ បណ្តាលឲ្យកម្មករ ៥នាក់ស្លាប់ និង ជិត៤០នាក់រងរបួស និងកម្មករ១៣នាក់ទៀតត្រូវបានចាប់ខ្លួន៕
សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com