ដោយ សួន សុផលមុន្នី
2014-01-07
RFA
ស្ដាប់ ឬ ទាញយកសំឡេង
អ្នកគ្រូ ផាត ផល្លា កំពុងពន្យល់សិស្សនៅក្នុងថ្នាក់រៀន នៃសាលាបឋមសិក្សាគគីរ ភូមិដំបូកខ្ពស់ ឃុំអូរដំបងពីរ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២។ RFA/Soun Sophalmony
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ក្រុមបុគ្គលិកអប់រំទាំងនោះត្អូញត្អែរថា ការមិនទទួលបានប្រាក់ខែទាន់ពេលវេលា ធ្វើឲ្យពួកគាត់ជួបការលំបាកខ្លាំងលើការងារជីវភាពប្រចាំថ្ងៃ។ ក្រៅពីជួបការលំបាកក្នុងជីវភាព បញ្ហានេះបានបង្កផលប៉ះពាល់ដល់វិស័យអប់រំថែមទៀត៖ «គ្រូខ្លះគាត់បាក់ទឹកចិត្តមិនចង់មកបង្រៀន ហើយគ្រូខ្លះទៀតគាត់ត្រូវការលុយដើម្បីផ្គត់ផ្គង់ជីវភាព ជាពិសេសគ្រូបង្រៀនបឋមតែម្ដង ព្រោះគ្រូបឋមគាត់សង្ឃឹមលុយហ្នឹងឯង ព្រោះគាត់អត់មានបង្រៀនលើសអីទេ ជាទូទៅខែ១២ ឆ្នាំ២០១៣ ហ្នឹង គេបើកតាំងពីថ្ងៃ២០ជាង។ អ៊ីចឹងសុំឲ្យសំណូមពរបើកឲ្យឆាប់ ព្រោះអាហ្នឹងវាប៉ះពាល់ដល់គុណភាពអប់រំក្នុងប្រទេសកម្ពុជា យើងផង ប៉ះពាល់ដល់ជីវភាពគ្រូ និងសិស្សផង។ បើសិនគ្រូបង្រៀនអត់មានប្រាក់ខែ អ៊ីចឹងទៅធ្វើឲ្យគាត់ហ្នឹងបង្កើតមុខរបរទី២ខុសពីគ្រូបង្រៀន»។
ពួកគាត់បន្តថា ប្រាក់ខែគ្រូបង្រៀននៅតាមបណ្ដាខេត្តក្រុងផ្សេងទៀត បានបើកតាំងពីចុងខែធ្នូ ឆ្នាំ២០១៣ អស់ហើយ លើកលែងតែប្រាក់ខែគ្រូបង្រៀននៅក្នុងខេត្តបាត់ដំបង។ នៅខេត្តបាត់ដំបង មានគ្រូបង្រៀន និងគ្រូបង្រៀនជាប់កិច្ចសន្យាសរុបជិត ១ម៉ឺននាក់។ ប្រធានមន្ទីរអប់រំ ខេត្តបាត់ដំបង លោក ងី សែត បញ្ជាក់ថា លោកពុំបានដឹងពីមូលហេតុច្បាស់លាស់នៃភាពយឺតយ៉ាវនេះទេ ប៉ុន្តែលោកអះអាងថា ប្រាក់ខែគ្រូបង្រៀននៅខេត្តបាត់ដំបង ទំនងអាចបើកបានគ្រប់ៗគ្នានៅក្នុងសប្ដាហ៍នេះ៖ «ពីម្សិលមិញខ្ញុំសួរទៅប្រហែលជាបើកនៅថ្ងៃនេះ ប៉ុន្តែថ្ងៃនេះមិនទាន់ទេ គឺអាចបើកបានក្នុងសប្ដាហ៍នេះឯងមិនយូរទេ កំពុងតែរត់ឲ្យលឿនខាងខ្ញុំរួចរាល់អស់ហើយ ប៉ុន្តែនៅខាងរតនាគារ លុយវាស្ទះអីបន្តិចបន្តួច។ ខ្ញុំដឹងមិនច្បាស់ដែរ ក៏ប៉ុន្តែការងាររបស់មន្ទីរ ខ្ញុំមិនមានអីយឺតទេ ប៉ុន្តែថា លុយយឺតបន្តិច»។
ទាក់ទិនបញ្ហាប្រាក់ខែគ្រូបង្រៀននេះ មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក យ៉ាត កំសាន្ត យល់ថា ភាពយឺតយ៉ាវក្នុងការមិនបានបើកប្រាក់ខែទាន់ពេលវេលានេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រូបង្រៀន។ លោកថា ថ្វីត្បិតប្រាក់ខែគ្រូបង្រៀននាពេលបច្ចុប្បន្ននេះមានចំនួនតិច មិនមានតុល្យភាពទៅនឹងតម្លៃទំនិញនៅលើទីផ្សារក៏ដោយ ប៉ុន្តែការទទួលបានប្រាក់ខែទាន់ពេលវេលា ជារឿងសំខាន់សម្រាប់គ្រូបង្រៀនគ្រប់រូប៖ «ក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិល ខ្ញុំសុំធ្វើម៉េចធានាប្រាក់ខែគ្រូឲ្យបានទាន់ពេលវេលា ដើម្បីឲ្យជីវភាពគាត់ដែលពឹងពាក់លើប្រាក់បៀវត្ស កុំធ្លាក់ដុនដាប»។
ការលើកឡើងពីភាពយឺតយ៉ាវក្នុងរឿងប្រាក់ខែនេះ ត្រូវបានធ្វើឡើងស្របពេលដែលសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរបស់ លោក រ៉ុង ឈុន មួយចំនួននាំគ្នាធ្វើកូដកម្មមិនចូលបង្រៀនសិស្សតាមសាលារៀនមួយចំនួននៅបណ្ដាខេត្តនានា។ កន្លងទៅនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រកាសធ្វើកូដកម្មមិនចូលបង្រៀនសិស្សនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នេះ ក៏ព្រោះតែរឿងប្រាក់ខែនេះដូចគ្នា។ គោលបំណងសំខាន់ គឺពួកគេទាមទារឲ្យរដ្ឋាភិបាលបើកប្រាក់ខែឲ្យគ្រូបង្រៀនទាន់ពេលវេលា និងទាមទារដំឡើងប្រាក់ខែឲ្យគ្រូបង្រៀនទទួលបាន ១លានរៀនក្នុងមួយខែ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា គម្រោងធ្វើកូដកម្មនេះពុំបានធ្វើឡើងដោយទូលំទូលាយនោះឡើយ។ បញ្ហានេះក៏ដោយសារមានសម្ពាធពីរដ្ឋាភិបាល ដែលបានប្រើកងកម្លាំងប្រដាប់អាវុធបង្ក្រាបទៅលើក្រុមបាតុកររោងចក្រកាត់ដេរ និងការវាយបំបែកក្រុមបាតុកររបស់គណបក្សប្រឆាំងមិនឲ្យជួបប្រជុំគ្នាជាបន្តបន្ទាប់។ ជាក់ស្ដែង នៅសាលានានាគេសង្កេតឃើញថា នៅតែបន្តបើកទ្វារបង្រៀនសិស្សជាដដែល។
ប្រភពពីគ្រូបង្រៀន និងនាយកសាលាខ្លះបង្ហើបឲ្យដឹងថា ពួកគេគាំទ្រគោលការណ៍ធ្វើកូដកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលទាមទារដំឡើងប្រាក់ខែ ប៉ុន្តែក្រុមគ្រូបង្រៀនទាំងនោះមិនហ៊ានចេញមុខតវ៉ា ឬចូលរួមនោះឡើយ៕
