ដោយ ហង្ស សាវយុត
2014-01-07
RFA
ស្ដាប់ ឬ ទាញយកសំឡេង
១៦-កុម្ភៈ-២០១៣៖ កងរាជអាវុធហត្ថខេត្តសៀមរាប កំពុងនាំក្រុមអ្នកនេសាទខុសច្បាប់ និងរឹបអូសយកឧបករណ៍នេសាទខុសច្បាប់មួយចំនួន បន្ទាប់ពីបង្ក្រាបនៅក្នុងបឹងទន្លេសាប នៃតំបន់ចុងឃ្នៀស។ RFA/Hang Savyouth
ការនេសាទខុសច្បាប់នោះ បានកើតមានតាំងតែពីរដូវបើកនេសាទកាលពីខែតុលា ហើយនៅតែបន្តរហូតមកដល់ពេលនេះ។
បុរសម្នាក់ក្នុងចំណោមអ្នកនេសាទជាច្រើនទៀតនៅតំបន់ចុងឃ្នៀស។ គាត់បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី៦ ខែមករា ថា ជារៀងរាល់យប់មានកាណូតជាច្រើនគ្រឿង បានចេញនេសាទត្រីខុសច្បាប់។ ប្រជានេសាទបានឃើញសកម្មភាពទាំងនេះ ហើយតែងរាយការណ៍ប្រាប់មន្ត្រីរដ្ឋបាលជលផល ក៏ប៉ុន្តែគេមិនដែលឃើញមានការបង្ក្រាបទេ៖ «វាចេញរាល់ថ្ងៃ ទាំងយួន ទាំងខ្មែរ ព្រលប់ភ្លឹបវាចេញមកគគ្រឹក។ កាណូតកណ្ដាលទន្លេ។ ទាំងយួន ទាំងខ្មែរ ៣០កាណូត ជិត ៤០កាណូត។ ម៉ាញ់ ស៊ីប មានតែ២ហ្នឹងឯងខ្លាំងជាងគេ។ នៅម្ដុំពាម ចុងឃ្នៀស ហ្នឹងឯង យប់មិញខ្ញុំនៅកណ្ដាលទន្លេចំ។ ត្រីវាអត់លក់ទេ វាដាក់អូប័រស្មាច់មកកន្លែងស្តង់ត្រីចុងឃ្នៀស ហ្នឹង»។
បុរសដដែលអះអាងថា តាមការសាកសួរក្រុមអ្នកនេសាទខុសច្បាប់ខ្លះ និយាយថា គេបានបង់លុយចំនួន ២០០ដុល្លារ ទៅឱ្យមន្ត្រីរដ្ឋបាលជលផលក្នុងកាណូត ១គ្រឿង ជាថ្នូរនឹងការមិនឱ្យបង្ក្រាបនៅពេលដែលពួកគេចេញនេសាទខុសច្បាប់។ ក្រុមប្រជានេសាទបានព្រមានថា គេកំពុងដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋឱ្យបាន ១០០នាក់ ដើម្បីធ្វើពាក្យបណ្ដឹងប្រឆាំងទៅនឹងសកម្មភាពនេសាទខុសច្បាប់ទាំងនោះ។
នាយផ្នែករដ្ឋបាលជលផលចុងឃ្នៀស លោក កែវ ស្រីសុភ័ក្រ បានបដិសេធចោលការអះអាងរបស់ប្រជាពលរដ្ឋ ដែលថាមានការនេសាទខុសច្បាប់នោះ។ លោក កែវ ស្រីសុភ័ក្រ បានបញ្ជាក់ថា បឹងទន្លេសាប នៃតំបន់ចុងឃ្នៀស មានទំហំតូច គឺលោកមិនជឿថាអាចប្រើកាណូត ៣០-៤០គ្រឿង ធ្វើសកម្មភាពនេសាទខុសច្បាប់បានទេ។
មន្ត្រីដដែលបានមានប្រសាសន៍បន្ថែមថា លោក និងក្រុមការងារតែងចុះល្បាតនៅក្នុងតំបន់នោះ មិនដែលប្រទះឃើញការនេសាទត្រីខុសច្បាប់ឡើយ៖ «គ្មានទេ ពីរយប់ ពីរថ្ងៃ ខ្ញុំចុះម្ដង។ ជួនកាលឃើញដឹកត្រីមកមែន តែដឹកពីបាត់ដំបង អីមកឯណោះ។ ខ្ញុំតាមមើលទៅដូចអត់មានផង ខ្ញុំតាមរាល់តែយប់ ២-៣យប់ដែរហ្នឹង»។
ទោះយ៉ាងណា លោក កែវ ស្រីសុភ័ក្រ ទទួលស្គាល់ថា វាអាចមានការនេសាទខុសច្បាប់តិចតួចនៅពេលដែលសមត្ថកិច្ចឆក់ល្វែង ក៏ប៉ុន្តែមិនមែនមន្ត្រីជំនាញទទួលសំណូកជាលុយកាក់ ហើយមិនបង្ក្រាបដូចអ្នកភូមិចោទប្រកាន់នោះទេ។
មន្ត្រីសម្របសម្រួលកម្មវិធីបឹងទន្លេសាប របស់អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល លោក មិញ ប៊ុនលី បានមានប្រសាសន៍ថា ជាការពិត ពេលបច្ចុប្បន្នលោកតែងទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា បទល្មើសនេសាទកំពុងកើតមាននៅតាមតំបន់ជាច្រើននៃខេត្តសៀមរាប ខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងកំពង់ឆ្នាំង។ បទល្មើសទាំងនោះ ជួនកាលមានការបង្ក្រាបខ្លះ និងជួនកាលអាចមានការត្រូវរ៉ូវគ្នារវាងអ្នកនេសាទខុសច្បាប់ជាមួយសមត្ថកិច្ច ហើយបទល្មើសទាំងនោះមិនមានការបង្ក្រាបទេ។
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល បានឱ្យដឹងថា កាលពីពាក់កណ្ដាលខែធ្នូ គេធ្លាប់រាយការណ៍អំពីបទល្មើសនេសាទជាច្រើនករណីនៅក្នុងបឹងទន្លេសាប ក៏ប៉ុន្តែ រហូតមកដល់ពេលនេះ នាយកដ្ឋានរដ្ឋបាលជលផលមិនទាន់ឆ្លើយតបយ៉ាងណានៅឡើយ៕
