ដោយ៖​ ណាត សុភាព​

ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
http://vodhotnews.com

ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលជូនកម្មករដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចនៅផ្លូវវេងស្រេង (រូបភាពដោយ ណាត សុភាព)
ថា្នក់ដឹកនាំគណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុកូលជូនកម្មករដែលបាត់បង់ជីវិត ក្នុងហេតុការណ៍ប៉ះទង្គិចនៅផ្លូវវេងស្រេង (រូបភាពដោយ ណាត សុភាព)
\
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​(CNRP) លោក កឹម សុខា ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា លោក និង​លោក សម រង្ស៊ី មិន​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​ផ្ទាល់ខ្លួន​ទេ ខណៈ​សមត្ថកិច្ច​ចាប់ខ្លួន​អ្នក​តវ៉ា​ជា​បន្តបន្ទាប់ ដូច​ជា​ការ ចាប់ខ្លួន​ស្ត្រី​អ្នក​បឹងកក់​៥​នាក់ នៅមុខ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជាជាដើម​។​
​លោក កឹម សុខា ថ្លែង​បែប​នេះ​ទៅកាន់​អ្នកសារព័ត៌មាន នៅក្នុង​ពិធី​បង្សុកូល នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ចាក់អង្រែលើ រាជធានី​ភ្នំពេញ ជូន​ដល់​កម្មករ​៥​នាក់ ដែល​បាត់បង់​ជីវិត​អំ​ទ្បុង​ការបង្ក្រាប​របស់​សម​ត្ថ​កិច្ច នៅ​ផ្លូវ​វេង​ស្រេង កាលពី​ថ្ងៃ​ទី​៣ ខែ​មករា​។ លោក កឹម សុខា បន្តថា លោក​ក៏​គ្មាន​គម្រោង​ចាក់ចេញ​ទៅ​ក្រៅ​ប្រទេស​ដែរ​។​

​លោក គិតថា បើ​រាជរដ្ឋាភិបាល នៅតែ​បន្ត​ប្រើ​កង​ប្រដាប់អាវុធ​បង្ក្រាប និង​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ ដែល​ទាមទារ​សិទ្ធិសេរីភាព​នោះ សហគមន៍​អន្តរជាតិ នឹងដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​ឲ្យ​បញ្ឈ​ប់ទ​ង្វើ​នេះ​។​
​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឲ្យចូល​ខ្លួន​បំភ្លឺ នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ករណី​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​អំពើ​បង្កឲ្យមាន​ភាពវឹកវ​រ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​៕
សូមសរសេរមកកាន់លោក ណាត សុភាព​ តាមរយៈ sopheap@vodhotnews.com
 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top