RFA

ក្រុមសមត្ថកិច្ចបង្ក្រាបក្រុមកម្មករតាមបណ្ដោយផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Jeevita
លោក យាន រិទ្ធី មានអាយុ២៥ឆ្នាំ កើតនៅស្រុកព្រះស្ដេចខេត្តព្រៃវែង។ លោកបានបញ្ចប់ការសិក្សា ថ្នាក់ទី១២ ពីវិទ្យាល័យ «តាកោគ» នៃស្រុកព្រះស្ដេច។ លោក យាន រិទ្ធី ជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ជាកូនរបស់លោក យន់ យាន រស់នៅភូមិអំពិល ឃុំរំចេក។ ក្រោយពីបញ្ជាក់ការសិក្សាថ្នាក់ ១២ លោកមិនបានសិក្សាបន្តទៅថ្នាក់មហាវិទ្យាល័យនោះទេ ដោយសារជីវភាពគ្រួសារក្រីក្រជួបការលំបាក។ នៅឆ្នាំ២០០៩ លោក យាន រិទ្ធី បានចាកចេញពីផ្ទះទៅស្វែងរកការងាររោងចក្រ ធ្វើនៅរាជធានីភ្នំពេញ ដើម្បីទៅរកប្រាក់មកជួយដោះទាល់ ជីវភាពគ្រួសារនៅឯស្រុកកំណើត។
លោក យន់ យាន ថ្លែងថា កូនរបស់គាត់ គឺលោក យាន រិទ្ធី ជាមនុស្សមនុស្សស្លូតបូត ចេះគោរពចាស់ទុំ និងចេះជួយយកចិត្តទុកដាក់ទុក្ខធុរៈរបស់បងប្អូន។ លោកបន្តថា កាលពីនៅសិក្សាវិទ្យាល័យ កូនរបស់លោកពុំដែលបោះបង់ការសិក្សារបស់ខ្លួនឡើយ។ មិនតែប៉ុណ្ណោះ លោក យាន រិទ្ធី ពេលចេញពីរៀនម្ដងៗ តែងតែរងចាំទទួលប្អូនៗធ្វើដំណើរត្រឡប់ទៅផ្ទះរួមគ្នារហូត។ ហើយនៅពេលទំនេរពីការសិក្សាលោកក៏តែងតែជួយទុកដាក់ធ្វើការងារផ្ទះជំនួសឪពុកម្ដាយជាប្រចាំ ដោយពុំដែលត្អូញពីទុក្ខលំបាកនឿយហត់ពីការងារម្ដងណាឡើយ៖ «ក្រោយពីការសិក្សាមក គឺត្រឡប់មកមកវិញធ្វើការងារកសិករ ព្រោះឪពុកកសិករអញ្ចឹងធ្វើការជួយដល់ម៉ោងទៅរៀនទៅរៀនទៅត្រឡប់ពីមកពីរៀនវិញហ្នឹងគឺជួយធ្វើការងារឪពុកម្ដាយ។ដូចជាការដកស្ទូងច្រូតកាត់ហើយពេលទំនេរយប់ហ្នឹងគឺនៅរៀននៅហ្នឹងផ្ទះហ្នឹងតែម្ដង។»
លោកយន់ យានបន្តថាកូនរបស់លោកជាមនុស្សល្អ ពុំដែលបង្កផលលំបាកដល់គ្រួសារ និងអ្នកភូមិក្បែរខាងនោះទេ។