ដោយ៖​ ញឹម សុខន និង ​អ៊ឹង ប៊ុនថន​​​
ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014, ម៉ោង 05:10 PM​
http://vodhotnews.com

ទិវារំលឹកខួបទី៣៥ ជ័យជម្នះថ្ងៃ៧មករា (រូបថតដោយ តាត ឧត្តម)

ទិវារំលឹកខួបទី៣៥ ជ័យជម្នះថ្ងៃ៧មករា (រូបថតដោយ តាត ឧត្តម)

​តាំងពី​ព្រលឹម​ស្រា​ងៗ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់ ប្រដាប់​ដោយ​អាវុធ និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា រាប់រយ​នាក់ ធ្វើ ដំណើរ​បណ្តាក់​គ្នា ទៅ​កាន់​មជ្ឈមណ្ឌល​កំសាន្ត​កោះ​ពេជ្រ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

​ទីនោះ​ជា​កន្លែង​ដែល​គណបក្ស​នេះ យក​ជា​កន្លែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​៧​មករា ដែល​មាន​អ្នកដឹកនាំ​កំពូល​របស់​បក្ស​ចូលរួម ដូចជា លោក ជា ស៊ីម លោក ហេង សំរិន និង​លោក ហ៊ុន សែន។ ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​ដែល​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អះអាងថា មាន​អ្នកចូលរួម​ប្រហែល​ប្រាំ​ម៉ឺន​នាក់​នោះ គឺ​ចំ​ពេល​ដែល​អាជ្ញាធ​រាជធានី ដាក់​បម្រាម​ការជួបជុំ​មនុស្ស​ត្រឹម​ក្រោម​១០​នាក់ ព្រោះ​សម្អាង​លើ​ស្ថានការណ៍​កំពុង​ជ្រួលច្របល់​។​

​អ្នកចូលរួម​ម្នាក់ ក្នុង​ចំណោម​អ្នក​ចូល​រួច​ជាច្រើន​ទៀត គឹ​លោក អ៊ូ សុផល អាយុ​៤២​ឆ្នាំ មកពី​ភូមិ​ស្រែអំពិល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល និយាយថា លោក​មិន​អាច​បំភ្លេច​ទេ​នូវ​គុណូបការៈ​ របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ចូលរួម​រំដោះ​កម្ពុជា​ ឲ្យ​ផុតពី​របប​ខ្មែរក្រហម ៖

ដូចគ្នានេះដែរ ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន បាន​ថ្លែង​សារ​នយោបាយ​វាយប្រហា រ​ទៅកាន់​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​ថា ថ្ងៃ​៧​មករា​១៩៧៩​ ជា​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្តារឡើងវិញ​នូវ​អ្វីៗ​ ដែល​បាន​បំផ្លាញ​ស្ទើរ​គ្មាន​សល់ និង​បាន​ធ្វើ​ឲ្យប្រទេស​កម្ពុជា ឈាន​ទៅដល់​ការបោះឆ្នោត​ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​តាម​បែ​លទ្ធិប្រជាធិបតេយ្យ​។​

​លោក ហេង សំរិន បន្តថា បើទោះបី​យ៉ាងនេះ​ក៏ដោយ គណបក្សប្រឆាំង​បាន​ញុះញង់​ឲ្យ​ពលរដ្ឋ​មួយចំនួន ធ្វើបាតុកម្ម​តាម​ដងផ្លូវ ធ្វើឲ្យប៉ះពាល់​ដល់​ប្រយោជន៍​សាធារណៈ ប្រឆាំងនឹង​លទ្ធផល​នេះ ហើយ​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុះ​ចេញពី​តំណែង​ទៀត​ផង ៖

លោក ហេង សំរិន ប្រធានកិក្តិយស នៃគណបក្សប្រជាជនកម្ពុជា (រូបភាពដោយ តាត ឧត្តម)

ការលើកឡើង​នេះ ត្រូវបាន​បន្ទរ​ដោយ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក ស្រី ម៉ក់ វណ្ណ​ស៊ីថា ដែល​លើកឡើង​ថា ថ្ងៃ​៧​មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​កម្ពុជា ហើយ​បាន​ចាត់ទុក មនុស្ស​ទាំងឡាយ​ណា ដែល​​មិន​ឲ្យ​តម្លៃ​ថ្ងៃនេះ ថា​ជា​មនុស្ស​មិន​ស្គាល់​បាប​បុណ្យ ៖

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ច្រានចោល​នូវ​ការចោទប្រកាន់​នោះ ដោយ​អះអាង​ថា អ្វី​ដែល​គណបក្ស​នេះ​កំពុង​ធ្វើ​គឺ​ដើម្បី​ជំរុញ​ឲ្យមាន​អ្នកដឹក​នាំ​មួយ​កើតចេញ​ពី​ឆន្ទៈពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ពិតប្រាកដ​។​ ម្យ៉ាងវិញទៀត​លោក​ចាត់ទុកថា​ថ្ងៃ​៧​មករា​ ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួល​រក​ឥទ្ធិពល​នយោបាយ ​ពី​ប្រទេសជិតខាង​រហូត​បច្ចុប្បន្នេះ​ ៖

​ទោះជា​យ៉ាងណា និស្សិត​មួយចំនួន​បាន​គាំទ្រ​៧​មករា ហើយ​មួយចំនួន​មិន​គាំទ្រ​ទេ​។​ ​និស្សិត​ដែល​បាន​ចូលរួម​ចូលរួម​ពិធី​នេះដែរ យ៉ា​ត រ៉ូស៊ី​នដា​រ៉ា ថ្លែងថា ការ​មក​ចូលរួម​នេះ ដើម្បី​រំលឹក​កា​ឈឺចាប់​ក្នុង​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ ដែល​គ្រប់គ្រង​ដោយ​របបពួក​អាវ​ខ្មៅ​ខ្មែរ​ក្រហម ៖

​ប៉ុន្តែ​និស្សិត​ផ្សេងទៀត ដែល​មិន​បាន​ទៅ​ចូលរួម​អបអរសាទរ​ថ្ងៃជ័យ​ជម្នះ​នេះ លោក រតនា យល់​ថា​ថ្ងៃ​៧​មករា​ជា​ថ្ងៃ ដែល​វៀតណាម ឈ្លាន​ពាន និង​យក​ប្រទេស​កម្ពុជា​ដាក់​អាណានិគម រហូត​បច្ចុប្បន្ននេះ​ ៖

ក្រុមនិស្សិត គ្រូបង្រៀន និងមន្រ្តីរាជការ ក៏បានចូលរួមក្នុងពិធីរំលឹកខួបនេះផងដែរ (រូបភាពដោយ តាត ឧត្តម)

អ្នកស្រាវជ្រាវ​ឯករាជ្យ និង​ជា​អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក កែម ឡី ពន្យល់ថា ជាទូទៅ​អ្នកនយោបាយ មិន​ដែល​ទទួលស្គាល់​កំហុសរបស់​ខ្លួន​ចំពោះ​មុខ​មហាជន​ទេ តែងតែ​យក​រដ្ឋធម្មនុញ្ញ​មក​ធ្វើជា​ខែល ​ដើម្បី​កេងចំណេញ​នយោបាយ​។ ​ប៉ុន្តែ​លោក​ហៅ​វត្តមាន​កង​​ទ័ព​វៀតណាម ដែល​វាយ​ចូល​ប្រទេស​កម្ពុជា​កាលពី​ជាង​៣០​ឆ្នាំ​មុន ​ថា​ជា​រឿង​ខុស​ទៅ នឹង​ច្បាប់​អន្តរជាតិ​ ៖

​យ៉ាងណា​ក៏​ដោយ​ ថ្ងៃ​៧​មករា​ ត្រូវបាន​រដ្ឋាភិបាល​ដាក់​ជា​ថ្ងៃ​បុណ្យ​ជាតិ ដែល​មន្ត្រី​រាជកា​រទាំង​អស់ បាន​ឈប់សម្រាក​ពី​ការងារ ប៉ុន្តែ​លោក​ កែម ឡី ពន្យល់ថា បើ​រដ្ឋាភិបាល​មិន​បង្កើត​គណៈកម្មកា​រឯក​រាជ្យ ដើម្បី​សិក្សា​ឲ្យបាន​ស៊ីជម្រៅ លើ​ថ្ងៃជ័យ​ជម្នះ​នេះទេ នោះ​ទៅ​ថ្ងៃ​​អនាគត កូន​ខ្មែរ​ជំនាន់​ក្រោយ​ នៅតែ​ស្រពិចស្រពិល​ពីថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ៕

សូមសរសេរមកកាន់លោក ញឹម សុខន​​ តាមរយៈ sokhorn@vodhotnews.com

 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top