គណបក្ស​សង្គ្រោះ​ជាតិ បាន​ពឹងពាក់​មេធាវី​បរទេស​ដែល​មាន​ជំនាញ​ច្បាប់​ឧក្រិដ្ឋកម្ម​អន្តរជាតិ និង​សិទ្ធិ​មនុស្ស ដើម្បី​ស៊ើប​អង្កេត​លើ​ករណី​ផ្ទុះ​ហិង្សា ដែល​កង​កម្លាំង​យោធា​បាញ់​កម្មករ​ស្លាប់ ៤​នាក់ និង​របួស​ជិត ៤០​នាក់​ផ្សេង​ទៀត ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ស្ថិត​នៅ​លើ​ផ្លូវ​វ៉េងស្រេង នោះ មុន​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។
សម រង្ស៊ី កឹម សុខា ៦១០ដោយ ទីន ហ្សាការីយ៉ា
2014-01-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង



ប្រធាន​និង​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក កឹម សុខា ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ទីស្នាក់ការ​បក្ស​សង្កាត់​ចាក់អង្រែលើ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មករា ឆ្នាំ​២០១៤។ RFA/Tin Zakariya

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​អន្តរជាតិ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​កម្លាំង​របស់​រដ្ឋាភិបាល​បាញ់​ប្រហារ​ទៅ​លើ​កម្មករ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កម្មករ​ធ្វើ​បាតុកម្ម​អហិង្សា​នោះ។
ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ ចាក់អង្រែលើ ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៤។
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុម​មេធាវី​អន្តរជាតិ​រក​ឃើញ​ថា កម្លាំង​ប្រដាប់​អាវុធ​រដ្ឋាភិបាល​ប្រើ​អំពើ​ហិង្សា​ខុស​ច្បាប់ ជា​ការ​វាយ​ប្រហារ​ដោយ​រង្គាល និង​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នោះ មាន​ន័យ​ថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) នៅ​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍ ភ្លាម។
«សំឡេង»
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​តុលាការ​ឯករាជ្យ​មិន​នៅ​ក្រោម​អង្គការ​សហប្រជាជាតិ ទេ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បង្កើត​ឡើង​ក្រោម​លក្ខន្តិកៈ​មួយ​ដែល​គេ​បាន​ព្រមព្រៀង​គ្នា​នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។ តុលាការ​នេះ​ចាត់​ការ​តែ​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ណា​ដែល​ម្ចាស់​ប្រទេស​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ ឬ​ក៏​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​ចាត់​ការ​ដោះស្រាយ​ដែរ តែ​គ្រាន់​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រោម​សម្ពាធ​រដ្ឋាភិបាល​ណា​នោះ ដើម្បី​ជួយ​ការពារ​ឧក្រិដ្ឋជន មិន​អោយ​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ឧក្រិដ្ឋ​ដែល​ជន​នោះ​បាន​ប្រព្រឹត្ត។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ការ​ពឹងពាក់​មេធាវី​បរទេស​ណា​មួយ​នោះ គឺ​ជា​សិទ្ធិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ តែ​លោក​បញ្ជាក់​ថា បញ្ហា​នេះ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត ដើម្បី​រក​យុត្តិធម៌​ជូន​អ្នក​ដែល​ស្លាប់​ទៅ​ដែរ។
«សំឡេង»
ទោះ​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន បាន​លើក​ឡើង​ថា ពួក​គេ​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​លើ​កម្មករ​ទេ ពីព្រោះ​ថា ជា​បទ​ពិសោធន៍ ការ​បាញ់​សម្លាប់​កម្មករ​សំណង់​នៅ​ស្ពាន​អាកាស​ក្បាល​ថ្នល់ និង​ករណី​បាញ់​ស្លាប់​ស្ត្រី​លក់​បាយ​នៅ​ស្ទឹងមានជ័យ មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​រក​ឃាតក​ពិត​នោះ​ទេ។
បន្ថែម​លើ​នេះ​ទៀត ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ដដែល គឺ​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នៅ​មុន​អាណត្តិ។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា ដឹក​នាំ​ដោយ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​បាញ់​សម្លាប់​យ៉ាង​ណា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ដដែល។
«សំឡេង»
អង្គការ​សិទ្ធិ​មនុស្ស​ជាតិ អន្តរជាតិ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​បណ្ដាញ​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កម្ពុជា រួម​នឹង​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​សុក្រ ទី​៣ មករា បាន​ថ្កោលទោស​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​របស់​កង​រាជ​អាវុធហត្ថ បាញ់​ទៅ​លើ​ក្រុម​កម្មករ បណ្ដាល​ឲ្យ​កម្មករ​ចំនួន ៤​ស្លាប់ និង ៣៧​នាក់​ផ្សេង​ទៀត​រង​របួស។ អង្គការ​សហប្រជាជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល បញ្ឈប់​ការ​ប្រើប្រាស់​គ្រាប់​កាំភ្លើង​ពិត​បង្ក្រាប​បាតុកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 
Angkor-Daily News © 2013. All Rights Reserved. Powered by Blogger
Top