ថ្ងៃអង្គារ៍ ទី7 ខែមករា ឆ្នាំ2014
http://vodhotnews.com

អាជ្ញាធរ មកសម្របសម្រួល ដល់ទីតាំងដែលបងប្អូនជនជាតិគួយ ធ្វើការបោះជំរុំតវ៉ានឹងក្រុមហ៊ុនចិនដែលឈូសឆាយដីរបស់ពួកគាត់
ប្រជាសហគមន៍ជនជាតិគួយ ប្រមាណជាង២០០នាក់ នៅស្រុកត្បែងមានជ័យ ខេត្ដព្រះវិហារ ទាមទារឲ្យ អាជ្ញាធរ ដកអាជ្ញាប័នរបស់ក្រុមហ៊ុនចិនឈ្មោះ ឡានហ្វេង ចេញពីតំបន់ដែលពួកគេរស់នៅ ដោយសារតែ ក្រុមហ៊ុននេះ យកគ្រឿងចក្រឈូសឆាយ ប៉ះពាល់ដីសហគមន៍ដែលច្បាប់ការពារ។
សមាជិកសហគមន៍ដីធ្លី ឃុំប្រមេរ អ្នកស្រី ទេព ពឹម ប្រាប់VODនៅថ្ងៃអង្គារនេះថា ប្រជាសហគមន៍ជាង២០០នាក់ បានបោះជំរុំជាច្រើនថ្ងៃហើយ ដើម្បីតវ៉ាប្រឆាំងក្រុមហ៊ុនចិនឈ្មោះ ឡានហ្វេង ដែលបានយកគ្រឿងចក្រឈូសឆាយ ប៉ះពាល់ដីសហគមន៍ជនជាតិគួយ និងដើម្បីឲ្យអាជ្ញាធរដកក្រុមហ៊ុននោះចេញពីតំបន់នោះ។ អ្នកស្រីបន្ដថា អាជ្ញាធរបានបញ្ជាឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ប៉ុន្ដែពួកគាត់មិនព្រម ដោយអាជ្ញាធរសន្យារកដំណោះស្រាយមិនមានភាពច្បាស់លាស់ ៖
ប្រជាសហគមន៍ មួយរូបទៀត អ្នកស្រី សឹង សាំ ឲ្យដឹងថា អាជ្ញាធរបានដាក់កម្លាំងសមត្ថកិច្ច តាមឃ្លាំមើលពីសកម្មភាពពួកគេដែលបោះជំរុំតវ៉ានោះ ហើយបានតាមចាប់ពលរដ្ឋពីរនាក់ផងដែរ។ អ្នកស្រីបន្ដថា ក្រុមហ៊ុនចិន ឈ្មោះ ឡានហ្វេង បានបន្ដឈូសឆាយដីព្រៃ ប៉ះពាល់ដល់ប្រាសាទបុរាណ ដើមជ័រច្បោះ និងប្រឡាយបឹងបួរជាច្រើនទៀត ដែលពួកគាត់បានកាន់កាប់តាំងពីដូនតាមកនោះ ៖
ករណីនេះ តំណាងក្រុមហ៊ុន អ៊ីហេង ដែលជាសាខារបស់ក្រុមហ៊ុន ឡានហ្វេង និងរ៉ូយហ្វេង លោក អ៊ី ហេង ឲ្យដឹងថា នៅពេលអាជ្ញាធរ មូលដ្ឋាន និងថ្នាក់ខេត្ដ បានវាស់វែងឲ្យក្រុមហ៊ុនចិនឈូសឆាយនោះ ពលរដ្ឋមិនបានហាមឃាត់ឡើយ ប៉ុន្ដែនៅពេលដែលក្រុមហ៊ុនរៀបចំដាំអំពៅហើយទើបមករារាំង។ លោកថា ការទាមទារចង់ឲ្យក្រុមហ៊ុនដកចេញនោះ លោកបានបង្វែសំណួរទៅប្រធានមន្ទីរកសិកម្មខេត្ដ លោក ពឹង ទ្រីដា។
VOD មិនអាចទាក់ទង ប្រធានមន្ទីរកសិកម្មខេត្ដព្រះវិហារ លោក ពឹង ទ្រីដា និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោក សេង សារី ដែលចុះដោះស្រាយជាមួយប្រជាសហគមន៍ នៅឃុំប្រមេរ នោះបានទេ ដោយលោកបិទទូរស័ព្ទទៅវិញ បន្ទាប់ពីអ្នកសារព័ត៌មានប្រាប់ស្ថាប័ន។
អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ អំពាវនាវឲ្យអាជ្ញាធរ បញ្ឈប់គ្រឿងចក្រក្រុមហ៊ុន និងដោះស្រាយជូនពួកគាត់ ជាបន្ទាន់ ដើម្បីជៀសវាងមានអំពើហិង្សាកើតឡើង។
គួរបញ្ជាក់ថា ការប្រមូលផ្ដុំគ្នាបោះជំរុំ ប្រឆាំងក្រុមហ៊ុនចិនឈូសឆាយដីព្រៃ របស់សហគមន៍ជនជាតិគួយនោះ មានរយៈ៧ថ្ងៃហើយ រហូតដល់ថ្ងៃទី៧ខែមករានេះ ហើយក៏បានឃាត់ខ្លួនអ្នកចូលរួមបោះជំរុំចំនួន៥នាក់ មានព្រះសង្ឃពីរអង្គ និងសកម្មជនសិទ្ធិមនុស្ស បីនាក់ និងតាមចាប់ខ្លួនសកម្មជនដីធ្លីនៅតំបន់នោះពីរនាក់បន្ដទៀត៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com