ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
http://vodhotnews.com
ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
http://vodhotnews.com
ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចដោះលែងប្រជាសហគមន៍បឹងកក់កាលពីរសៀលថ្ងៃចន្ទនេះ តែហាមមិនឲ្យប្រមូលផ្តុំ ឬតវ៉ាមួយរយៈពេល។
ប្រជាសហគមន៍តំបន់បឹងកក់ជាស្ត្រី ចំនួន ៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីមានការអន្តរាគមន៍ពីមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ប្រជាសហគមន៍នៅតំបន់បឹងកក់ ទាំង៥នាក់នោះ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ។
អ្នកស្រី ទេព វន្នី ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការដោះលែងហើយថា ស្នងការនគរបាល បានចោទពួកគាត់ថា បានប្រមូលផ្តុំ និងធ្វើបាតុកម្ម ប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាល បានហាមប្រាម តែប្រជាសហគមន៍បឹងកក់ បានលើកឡើងថា ការប្រមូលផ្តុំនោះ មិនមែនជាការធ្វើបាតុកម្មទេ គ្រាន់តែពួកគាត់ដាក់ញត្តិសុំអន្តរាគមន៍ពីស្ថានទូតបារាំងតែប៉ុណ្ណោះ។
អ្នកស្រី ទេព វន្នី បន្តថា ស្នងការរាជធានីភ្នំពេញ បានហាមអ្នកភូមិបឹងកក់តវ៉ាមួយរយៈ ដោយរង់ចាំស្ថានការណ៍ល្អ ប្រសើរឡើងវិញសិន តែអ្នកស្រី លើកឡើងថា អ្នកភូមិបឹងកក់ មិនអាចបញ្ឈប់ការតវ៉ាបានទេ។
កាលពីព្រឹកថ្ងៃចន្ទ សមត្ថកិច្ច បានចាប់ខ្លួនប្រជាសហគន៍បឹងកក់៥នាក់ នៅពេលដែលអ្នកទាំងនោះទៅប្រមូលផ្តុំនៅមុខស្ថានទូតបារាំងប្រចាំរាជធានីភ្នំពេញ ដើម្បីជំរុញឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០២ខែមករា៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com