ដោយ៖ តាំង វីដា
ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
http://vodhotnews.com
ថ្ងៃចន្ទ ទី6 ខែមករា ឆ្នាំ2014
http://vodhotnews.com
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (រូបភាពដោយ តាត ឧត្តម)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅល្ងាចម៉ោង៥ ថ្ងៃចន្ទនេះ បានជួបជាមួយមន្ត្រីទូតប្រចាំនៅប្រទេសកម្ពុជាមួយចំនួន នៅឯក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះ អ្នកសារព័ត៌មាន មិនត្រូវបានអនុញ្ញាតឲ្យចូលរួមទេ លើកលែងតែទូរទស្សន៍ជាតិកម្ពុជាតែប៉ុណ្ណោះ។អ្នកសារព័ត៌មាន ត្រូវបានអ្នកយាម ប្រាប់ឲ្យទៅវិញ និងថាមិនមានសន្និសីទសារព័ត៌មានជាផ្លូវការទេ។រថយន្តមន្ត្រីទូតសំខាន់ បានចតនៅក្រសួងមហាផ្ទៃ ដូចជាទូតអាមេរិក បារាំង ជប៉ុន ចិន វៀតណាម ឥណ្ឌា ប៉ាគីស្ថាន អាល្លឺម៉ង់ និងថៃជាដើម។
មិនទាន់មានសេចក្តីរាយការណ៍ថាតើកិច្ចប្រជុំនោះ នឹងលើកយកពីបញ្ហាអ្វីនោះ តែបញ្ហាថ្មីៗដែលកំពុងកើតឡើងនៅកម្ពុជា គឺអំពើហិង្សា និងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ចទៅលើកម្មកររោងចក្រនៅផ្លូវវ៉េងស្រេង ដែលបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់ និងការបង្ក្រាបបាតុកររបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ខែមករា។
បន្ទាប់ពីការកើតឡើងហិង្សា ក្រសួងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា ប្រទេសបារាំងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានការណ៍នៅប្រទេសកម្ពុជា។ សេចក្តីថ្លែងការណ៍បន្តថា ប្រទេសបារាំងសោកស្តាយចំពោះអំពើហិង្សា ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្សជាច្រើន ហើយសូមរំឮកអំពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះសេរីភាពក្នុងការធ្វើបាតុកម្មអហិង្សា។ ក្រសួងការបរទេសបារាំង បន្តថា ជាការសំខាន់ ដែលការចរចានយោបាយអាចចាប់ផ្តើមឡើងវិញយ៉ាងឆាប់រហ័សប្រកបដោយភាពស្ងប់ស្ងាត់និងការអត់ធ្មត់ ដើម្បីឲ្យភាគីទាំងឡាយអាចធ្វើការរួមគ្នាជាប្រយោជន៍ដល់ដំណើរការល្អនៃស្ថាប័ននានា។
ចំណែកអ្នកនាំពាក្យរងនៃក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Marie Harf មានប្រសាសន៍កាលពីសប្តាហ៍មុនថា សហរដ្ឋអាមេរិក សោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិត មនុស្សនៅក្នុងប្រទេសកម្ពុជា អំឡុងពេលការប៉ះទង្គិចគ្នាដោយហិង្សារវាងបាតុករ និងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។លោកស្រីបញ្ជាក់ថា«យើងថ្កោលទោសចំពោះការប្រើប្រាស់ហិង្សាយកមកធ្វើជាមធ្យោបាយក្នុង ការសម្រេចនូវគោលដៅនយោបាយឬអ្វីៗផ្សេងទៀត ហើយទទូចឲ្យគ្រប់ភាគីទាំងអស់ខិតខំអត់ធ្មត់ ជាអតិបរិមានិង បង្ហាញនូវការគោរពច្បាប់»៕
សរសេរមកកាន់ លោក តាំង វីដា តាមរយៈvida@vodhotnews.com